ព័ត៌មាន
ខួបលើកទី១១២ នៃទិវាសិទ្ធិនារី សង្គមស៊ីវិល ជំរុញឲ្យប្រមុខរដ្ឋាភិបាល ពិនិត្យ និងពិចារណាផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៩០

ភ្នំពេញ៖ គណៈកម្មការនៃអនុសញ្ញា ILO C190 នៅកម្ពុជា បានរៀបចំប្រារព្ធទិវាសិទ្ធិនាទីអន្ដរជាតិលើកទី១១២ ដោយអំពាវនាវឲ្យរួមគ្នាលុបបំបាត់អំពើហិង្សា និងការបៀតបៀនទាក់ទងនឹងយេនឌ័រនៅក្នុងពិភពការងារ ក៏ដូចជាការអំពាវនាឲ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិ ILO លេខ C190 ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់កម្មករនិយោជិត និយោជក និងសាធារណៈ សម្រាប់ការដោះស្រាយបញ្ហាហិង្សា និងការបៀតបៀននៅកន្លែងការងាររបស់ពួកគាត់។
នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិលើកទី១១២ នៅសណ្ឋាគារសាន់វេ ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទម្រង់ និងឥទ្ធិពលនៃ GBVH នៅក្នុងពិភពការងារ និងគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃអនុសញ្ញា ILO C190 សម្រាប់កម្មករនិយោជិត និយោជក និងសាធារណៈ សម្រាប់ដោះស្រាយបញ្ហា អំពើហិង្សា និងការបៀតបៀនទាក់ទងនឹងយេនឌ័រ
នៅក្នុងពិភពការងារ ក៏ដូចជាការគៀងគរការគាំទ្រ និងការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងសាធារណៈជន សង្គមស៊ីវិល យុវជន និងកម្មករនិយោជិត ដើម្បីការតស៊ូមតិកិច្ចការ អំពើហិង្សា និងការបៀតបៀនទាក់ទងនឹងយេនឌ័រក្នុងពិភពការងារ។
ឆ្លៀតក្នុងឱកាសនេះដែរប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានចូលរួមអបអរសាទនៃទិវាសិទ្ធិនារីអន្ដរជាតី ០៨មីនា ដោយលោក បានអំពាវនាវឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងពិចរណាផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៩០ខាងលើនេះ ដោយសារតែវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់នៅក្នុងពិភពការងារ។
លោកបានលើកឡើងថា “ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំគោរពស្នើសុំដល់ប្រមុខរដ្ឋាភិបាលកម្ពុជា មេត្ដាពិនិត្យទៅលើការផ្ដល់សច្ចាប័នលេខ ១៩០ ស្ដីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀនទាក់ទងនឹងយេនឌ័រនៅក្នុងពិភពការងារ ថ្មីៗនេះខ្ញុំលើករឿងមួយ ដែលកើតឡើងនៅរោងចក្រសួដា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្ដស្វាយរៀង ដែលនាយករោងចក្រនោះ គាត់បានបៀតបៀនកម្មការិនី ២រូបដោយចាប់ឱបថើបទាំងបង្ខំ ដូច្នេះទិដ្ឋភាពទាំងអស់នេះ វាស្ដែងឲ្យយើងឃើញថា បញ្ហានេះវានៅតែកើតមាននៅកន្លែងការងាររបស់ពួកគាត់”។
លោកបញ្ជាក់ថា “នៅក្នុងឱកាសនេះ ក្នុងនាមខ្ញុំផ្ទាល់ដែលធ្វើការងារក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករ ដូច្នេះការជំរុញឲ្យមានការផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៩០នេះ ពិតជាមានសារៈសំខាន់បំផុតចំពោះការធានាទៅលើការគោរពសិទ្ធិសេរីភាពរបស់បងប្អូនកម្មការិនី មិនត្រូវបានបៀតបៀន មិនត្រូវបានប្រមាថ និងមិនត្រូវបានរំលោភបំពានពីសំណាក់អ្នកគ្រប់គ្រង ខ្ញុំសូមស្នើសុំប្រមុខរដ្ឋាភិបាល មេត្ដាពិចារណាផ្ដល់សច្ចាប័នលើអនុញ្ញានេះ ដើម្បីធានា ក៏ដូចជាលុបបំបាត់រាល់ទម្រង់នៃការប្រើប្រាស់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ ដែលបច្ចុប្បន្ននេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថាតែកម្ពុជាទេ នៅក្នុងបណ្ដាប្រទេសផ្សេងៗ បាននិងកំពុងតែចូលរួមអនុវត្ដ ក៏ដូចជាចូលរួមជំរុញដល់ភាគីពាក់ព័ន្ធឲ្យយកចិត្ដទុកដាក់ខ្ពស់បំផុត ជុំវិញការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ”។
ជាមួយគ្នានេះដែរប្រធានសមាគមការពារសិទ្ធិការងារលោក យ៉ាំ ថៃសាន បានសម្ដែងការអបអរសាទរនៃទិវាសិទ្ធិនារីអន្ដរជាតិ ០៨ មីនា ដោយលោកបានលើកឡើងថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ!។
នៅក្នុងឱកាសនេះដែរលោក បានលើកឡើងថា “រួមគ្នាលើកកម្ពស់សិទ្ធិស្ត្រី តាមរយៈការទប់ស្កាត់គ្រប់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី ។ លើកកម្ពស់សមភាពយេនឌ័រ កិច្ចគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស ប្រកបដោយដោយចីរភាព”៕