ព័ត៌មាន
ប្រធានសមាគមការពារសិទ្ធិការងារ សម្ដែងការគាំទ្រគោលនយោបាយ គាំពារបន្ថែម របស់រដ្ឋាភិបាល ដល់កម្មការិនីមានផ្ទៃពោះ

ភ្នំពេញ៖ ប្រធានសមាគមការពារសិទ្ធិការងារ (LPA) លោក យ៉ាំ ថៃសាន បានសម្ដែងការគាំទ្រ ចំពោះប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមរបស់រដ្ឋាភិបាល ដល់កម្មការិនី ដែលមានផ្ទៃពោះ ដោយឧបត្ថម្ភថវិកាចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ ដោយបន្ថែមលើអ្វីដែលធ្លាប់បានផ្ដល់ជូននាពេលកន្លងមក រួមទាំងថវិកាឧបត្ថម្ភផ្សេងៗរបស់សម្ដេចផងដែរ។
លោក បានលើកឡើងថា “វាជារឿងល្អ ! យេីងពិតជាគាំទ្រចំពោះគោលនយោបាយទាំងឡាយណា ដែលផ្តល់ការគាំពារ ឬផ្តល់ភាពចំណេញដល់កម្មករនិយោជិត ជាពិសេសកម្មការិនីស្ត្រី ដែលកំពុងបម្រេីការងារ”។
លោកបន្ដថា “យេីងសង្ឃឹមថា រាជរដ្ឋាភិបាល នឹងបន្តដាក់ចេញនូវគោលនយោបាយថ្មីបន្តបន្ទាប់ទៀត ក្នុងការលេីកម្ពស់ដល់សុខមាលភាពមាតា និងទារក និងកាត់បន្ថយបាននូវភាពក្រីក្ររបស់កម្មករកម្មការិនីរបស់យេីង”។
ការលើកឡើងរបស់លោក ធ្វើឡើងបន្ទាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា “កម្មការិនីចាប់ផ្ដើមពីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភ។ អញ្ចឹងខ្ញុំសូមប្រកាសនៅថ្ងៃនេះ ជូនចំពោះកម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវការអនុវត្តដូចគ្នាចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ”។
គួរបញ្ជាក់ថា ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ កម្មការិនីម្នាក់នឹងត្រូវទទួលបានការឧបត្ថម្ភថវិកា សរុប ៧៦ម៉ឺនរៀល ដោយចែកជា ៣ដំណាក់កាល ទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល៕