ព័ត៌មាន
លោក យ៉ាំ ថៃសាន ជំរុញឲ្យភាគីពាក់ព័ន្ធនៃរោងចក្រស្ដារឡៃថ៍ បន្តជជែកគ្នា ឈរលើទិដ្ឋភាពច្បាប់ និងផលប្រយោជន៍រួម ទាំងផលប្រយោជន៍កម្មករ និងនិយោជក

ភ្នំពេញ៖ ប្រធានសមាគមការពារសិទ្ធិការងារ (LPA) លោក យ៉ាំ ថៃសាន បានជំរុញឲ្យភាគីពាក់ព័ន្ធនៃរោងចក្រស្ដារឡៃថ៍ អឹភែរឹល មេនញូហ្វេកធឺរីង បន្តជជែកគ្នា ឈរលើទិដ្ឋភាពច្បាប់ និងផលប្រយោជន៍រួម ទាំងផលប្រយោជន៍កម្មករ និងនិយោជក ដោយលើកឡើងថា បើមិនមានការស្រុះស្រួលគ្នាទេនោះ ទាំងកម្មករ ទាំងនិយោជក នឹងខាតបង់កាន់តែធ្ងន់ធ្ងរជាក់ជាមិនខាន។
ការអំពាវនាវរបស់លោកធ្វើឡើង បន្ទាប់ពីកម្មករនិយោជិតនៃរោងចក្រស្តារឡៃថ៍ អឹភែរឹល មេនញូហ្វេកធឺរីង ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបន្តធ្វើកូដកម្ម ដោយទាមទារឱ្យនាយកក្រុមហ៊ុន បញ្ឈប់អ្នកគ្រប់គ្រង និងប្រធានរដ្ឋបាលចេញពីការងារ។
ក្រុមកម្មករបានធ្វើការតវ៉ាចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដោយទាមទារនូវលក្ខខណ្ឌ ៩ចំណុច ។ ក្រោយពីមានការសម្របសម្រួលពីមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាលទ្ធផលសះជា ៨ចំណុច ដែលទំនាស់ពាក់ព័ន្ធនឹងសិទ្ធិ និងលក្ខខណ្ឌការងារ ដោយនៅសល់តែ ១ចំណុច ដែលមិនសះជាគឺ ទាមទារអោយថៅកែរោងចក្រដកនាយកក្រុមហ៊ុន និងប្រធានរដ្នបាលចេញពីការងារ។
បើយោងតាមពាក្យបណ្តឹងរបស់កម្មករនិយោជិត ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ មូលហេតុដែលទាមទារសុំឱ្យដកនាយកគ្រប់គ្រង និងប្រធានរដ្ឋបាលដោយសារតែ ក្រោមការដឹកនាំរបស់ពួកគេមួយរយ:ចុងក្រោយ គឺអសមត្ថភាព ធ្វើឱ្យកម្មករពុំសូវមានការងារធ្វើ ពុំមានអ្នកបញ្ជាទិញ និងអាចនាំឱ្យក្រុមហ៊ុនឈានដល់បិទទ្វារឆាប់ៗ។
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ភាគីទាំងពីរនៅពុំទាន់ឈានដល់ចំនុចព្រមពៀងបញ្ចប់វិវាទនៅឡើយទេ។
លោក យ៉ាំ ថៃសាន ប្រធានសមាគមការពារសិទ្ធិការងារ LPA ដែលបានចុះតាមដាន និងអង្កេតករណីនេះយល់ឃើញថា “សូមកុំប្រកាន់ជំហរតឹងរឹងពេក ភាគីទាំងពីរគួរបន្តជជែកគ្នា ឈរលើទិដ្ឋភាពច្បាប់ និងផលប្រយោជន៍រួម ទាំងផលប្រយោជន៍កម្មករ និងនិយោជក ។ ម៉្យាងទាំងអ្នកគ្រប់គ្រង ទាំងកម្មករ សុទ្ធតែខ្មែរដូចគ្នាទេ សូមយោគយល់គ្នា យើងអាចអង្គុយនិយាយគ្នាបាន កែតម្រូវចំណុចខ្វះខាតគ្នាបាន បើនៅមានចំណុចខ្វះខាតណាមួយ បើពុំដូច្នេះទេ ទាំងកម្មករ ទាំងនិយោជក នឹងខាតបង់កាន់តែធ្ងន់ធ្ងរជាក់ជាមិនខាន។ យើងសង្ឃឹមជឿជាក់ថា ពួកគេនឹងអាចរកចំនុចរួមឃើញ ក្នុងពេលដ៏ខ្លីខាងមុខ៕