Connect with us

ព័ត៌មាន

សង្គមស៊ីវិល សម្ដែងការគាំទ្រពេញទំហឹង ចំពោះការបង្កេីនរយៈពេលឈប់សម្រាកមាតុភាពរហូតដល់ ៦ខែ

ភ្នំពេញ៖ មេដឹកនាំសហជីព ក៏ដូចជាអង្គការសង្គមស៊ីវិលនៅកម្ពុជា បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការសិក្សារបស់ភាគីពាក់ព័ន្ធ ស្ដីពីការបង្កេីនរយៈពេលឈប់សម្រាកមាតុភាពពី ៣ខែ ទៅ ៦ខែ។

ការសម្ដែងការគាំទ្រនេះធ្វើឡើងបន្ទាប់ពីស្ថាប័នពាក់ព័ន្ធចង់បង្កើនរយៈពេលឈប់សម្រាកមាតុភាពដល់រយៈពេល ៦ខែ ដើម្បីបង្កើនការបំបៅដោះកូន និងកាត់បន្ថយហានិភ័យផ្សេងទៀតដល់ម្ដាយ និងទារក។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានលើកឡើងថា នេះជារឿងមួយដែលកម្មករកម្មការិនីចង់បានបំផុត ដោយកន្លងមកអង្គការសង្គមស៊ីវិល ជាពិសេសរូបលោកផ្ទាល់ បានជំរុញឲ្យរដ្ឋាភិបាលផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ១៨៣ ពាក់ព័ន្ធនឹងការឈប់សម្រាកមាតុភាព។

លោក ប៉ាវ ស៊ីណា បានលើកឡើងថា “ចំពោះខ្ញុំផ្ទាល់ក្នុងនាមភាគីសហជីព ភាគីតំណាងកម្មករ ខ្ញុំគាំទ្រពេញទំហឹងតែម្ដង ចំពោះភាគីពាក់ព័ន្ធ ដែលបានយកចិត្ដទុកដាក់លើកយកបញ្ហាឈប់សម្រាកលំហែមាតុភាពនេះពី ៣ខែ ទៅ ៦ខែ គឺជារឿងមួយដែលល្អបំផុត ដែលខ្ញុំគាំទ្រ”។

លោកបន្ដថា ការឈប់សម្រាកមាតុភាពរបស់កម្មករនិយោជិតរយៈពេល ៣គឺវាមិនគ្រប់គ្រាន់នោះទេ។ លោកថា រឿងនេះវាមិនចំពោះតែវិស័យឯកជននោះទេ ទាំងវិស័យរដ្ឋក៏ដូចគ្នាដែរ ប្រសិនបានអាចធ្វើវាបាន នោះវាជារឿងមួយល្អបំផុត សម្រាប់កម្មករទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាមន្រ្តីរាជ្យការ និងស៊ីល។

លោកបន្ថែមថា “ប្រសិនបើយើងអាចឯកភាពគ្នា និងអនុវត្ដវាឲ្យបានឆាប់ វានឹងជារឿងមួយល្អបំផុត ពីព្រោះថា បើក្រឡេកមើលវិស័យកាត់ដេរ ស្បែកជើង និងកាបូប យើងសង្កេតឃើញថា កម្មករស្ទើតែ ៨០ភាគរយហើយដែលជាស្ដ្រី ដោយកន្លងមកពួកគាត់មានពេលតិចតួចបំផុតក្នុងការបំបៅដោះកូន”។

ជាមួយគ្នានេះដែរលោក យ៉ាំ ថៃសាន ប្រធានសមាគមនការពារសិទ្ធិការងារបានលើកឡើងថា ការបង្កើនរយៈពេលឈប់សម្រាកមាតុភាពរយៈពេល ៦ខែនេះនឹងអាចធ្វើទៅបាន។

លោកថា “ក្នុងនាមយើងជាអង្គការការពារសិទ្ធិការងារ យើងគាំទ្រ ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយនេះ ដើម្បីលើកកម្ពស់សុខមាលភាពមាតា និងទារក”។

លោកបន្ដថា ជាក់ស្តែង ច្បាប់ស្តីពីការងារ អនុញញាតដល់ស្ត្រីបានឈប់សម្រាកត្រឹមរយៈពេល ៩០ថ្ងៃ ហើយត្រូវត្រលប់ចូលបំពេញការងារ ដែលរយៈពេលវាខ្លីសម្រាប់ទារកដែលមានឱកាសទទួលបានទឹកដោះម្តាយ ។

ប្រធានសមាគមនការពារសិទ្ធិការងាររូបនេះបានបន្ថែមថា បើទោះបើជា ច្បាប់បានតម្រូវឱ្យនិយោជកផ្តល់កន្លែងបំបៅដោះកូន និងពេលឈប់សម្រាកបំបៅដោះកូននៅកន្លែងការងារយ៉ាងណាក្ដី ក៏មានការសង្កេតឃើញថា ស្ត្រីជាបុគ្គលិក កម្មករ និយោជិត មិនអាចធ្វើទៅរួចនោះទេ ហើយអ្វីដែលទៅមិនរួចនោះ គឺព្រោះតែកត្តាសុវត្ថិភាពពេលធ្វើដំណើរ និងបញ្ហាជាច្រើនទៀត៕

Continue Reading
Comments